Monday, April 29, 2013

រឿង​រាមកេរ្តិ៍​សម័យមុន​អង្គរ​



    ​មតិ​មហាជន​ខ្មែរ​បាន​ជ្រាប​ហើយ​ថា រឿង​រាមកេរ្តិ៍​ជា​ប្រភព នៃ អក្សរសិល្ប៍​ខ្មែរ ហើយ​រឿងនេះ​បាន​និពន្ធ​ឡើង​ដោយ​អ្នកនិពន្ធ​ខ្មែរ តាម​លំនាំ​រឿង​រាមាយណៈ ឥណ្ឌា របស់​អ្នក​កវី​ក្លឹ​ង្ក​ឈ្មោះ​វាល​មិ​កិ នៅ​សតវត្សរ៍​ទី​៣ មុន​គ្រិស្តសករាជ ។​
​   
​ម្យ៉ាងទៀត គេ​ក៏​បានដឹង​ដែរ​ថា រឿង​រាមកេរ្តិ៍ នេះ ត្រូវ​ជនជាតិខ្មែរ​យើង​និយម​ចូលចិត្ត​តាំងពី​សម័យបុរាណ​មកម្ល៉េះ ។ ការដែល​គេ​យក​សាច់រឿង​នៃ​រឿង​រាមកេរ្តិ៍ មក​គូ​រលើ​ជញ្ជាំង​ប្រាសាទ ដូចជា​ប្រាសាទអង្គរវត្ត​, ប្រាសាទបាពួន​, ប្រាសាទ​ពិ​មា​យ និង ចា​រលើ​សាស្ត្រា​ស្លឹករឹត ឬ ក៏​យកមក​ចងក្រង​ជា​គម្ពីរ ដើម្បី​មើល​ព្រេងវាសនា​នៅតាម​វត្ត​អារាម​ជាដើម ជា​សក្ខីកម្ម​នៃ​ភាពល្បីល្បាញ នៃ រឿងនេះ ។ ទោះជា​យ៉ាងនេះ​ក្តី មកទល់ពេលនេះ​គេ​ពុំទាន់​ដឹង​នៅឡើយ​ថា តើ​ខ្មែរ​យើង​ស្គាល់​រឿង​រាមកេរ្តិ៍​តាំងពី​សម័យ​ណា​មក​ទេ ។ ម្យ៉ាងទៀត តាម​លទ្ធផល នៃ ការស្រាវជ្រាវ​នេះ ពិតជា​នឹង​អាចធ្វើ​ឲ្យ​អ្នកនិពន្ធ​ខ្មែរ​អាចបំពេញ​នូវ​សេចក្តី​ខ្វះខាត​ខ្លះ​ទាក់ទិន​នឹង​កាលបរិច្ឆេទ​នៃ​រឿងនេះ ក្នុង​វប្បធម៌ អារ្យធម៌​ខ្មែរ​មិន​ខាន ។ ដូច្នេះ អត្ថបទ​នេះ​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​វត្ថុតាង​មួយចំនួន​ដើម្បី​បំភ្លឺ​នូវ​សំនួរ​ដ៏​សំខាន់​ខាងលើនេះ ។ 


រូបចម្លាក់​តំណាង សុគ្រីព និង​ហនុមាន ធ្វើ​ពី​ដី​ដុត និង​ការ​ស្ល អង្គរបុរី (​សារមន្ទីរ​ជាតិពន្ធុវិទ្យា​, ទួលគោក​)​

​   
​ផ្ទាំងសិលា​ចារឹក​នៅ​វាល​កន្ទេល ដែល​បាន​ចារ​ឡើង​នៅ​សតវត្ស​ទី​៦ នៃ គ្រិស្តសករាជ បាន​ពណ៌នា​អំពី​តង្វាយ​ជា​គម្ពីរ​រឿង​រាមកេរ្តិ៍ បុ​រណៈ និង មហាភារតៈ ទៅ​ព្រះ​ទេវរូប ឈ្មោះ​ស្រី​ត្រី ទុ​វ​នេ​ស្វា​រៈ ដោយ​ព្រា​ហ្ម​ម្នាក់​ឈ្មោះ​សម​ស័​ន្ម ដែល​ត្រូវជា​បងថ្លៃ​របស់​ព្រះបាទ​ភ​វ​វ​រ័​ន្ម​ទី​១ ។​
​   
​សិលាចារឹក​នា​សម័យមុន​អង្គរ​បាន​ឲ្យ​ដឹង​ទៀតថា គម្ពីរ​ទាំងអស់នោះ​ជា​តង្វាយ​ដែល​គេ​ត្រូវ​សូត្រ​ជាប្រចាំ​ថ្ងៃ ។  ដោយឡែក សិលាចារឹក​នៅ​ភ្នំ​បា​យ៉ង់ ខេត្តតាកែវ​នា​សតវត្សរ៍​ទី​៧ នៃ​គ្រិស្តសករាជ ក៏បាន​បញ្ជា​ក់នូវ​វត្តមាន​របស់​រឿង រាមកេរ្តិ៍ ដែរ ។​
​   
​ស្ថានីយ៍​ប្រវត្តិសាស្ត្រ​អង្គ​បុរី​បាន​ផ្តល់នូវ​ចម្លាក់​ជាច្រើន​ធ្វើ​អំពី​ដី​ដុត ថ្ម និង មាស ពាក់ព័ន្ធ​ទៅនឹង​រឿង​រាមាយណៈ ឬ រាមកេរ្តិ៍ (​កេរ្តិ៍​របស់​ព្រះរាម​) តែ​ជាការ​សោកស្តាយ​បំផុត ដែល​វត្ថុ​សិល្បៈ​ទាំងនោះ​ត្រូវបាន​គេ​យក​លក់​នៅ​ផ្សារ​ទួល​ទំពូង​ដោយ​ខុសច្បាប់ ហើយ​យើង​គ្មាន​លទ្ធភាព​ហាមឃាត់ ។​
​   
​ដូច្នេះ បើ​គេ​សំអាង​ទៅលើ​រូបភាព​ដែល​យើង​បាន​ថត គេ​ប្រទះឃើញ​រូប​ហនុមាន​ធ្វើ​អំពី​ដី​ដុត​កាន់ដំបង និង កាន់​ដាវ​នៅ​ដៃ ឬ ក៏ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​រង្វង់​មូល​មួយ ។ ទន្ទឹមនឹង​នេះដែរ គេ​ក៏បាន​ជួប​នូវ​ចម្លាក់​រូប​ហនុមាន​នេះ​នៅលើ​សន្លឹក​មាស​ស្តើង​ដែល​បុព្វបុរស​ខ្មែរ​ប្រើ​ជា​យ័ន្ត អា​ថា​ន់ ដើម្បី​ការពារ​នឹង​ឧបទ្រពចង្រៃ​ផងដែរ ។​
​   
​ចម្លាក់​បុរាណ​ទាំងនោះ​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​សិល្បៈ​គុ​ប្តៈ (​ឆ្នាំ​៣២០-៤៧០​គ​.​ស​) ដែលមាន​អានុភាព​ទៅលើ​សិល្បៈ​ខ្មែរ​នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​របស់ខ្លួន ។ 
​គប្បី​រំ​ឮ​កថា ជនជាតិខ្មែរ ជាពិសេស​អ្នកនយោបាយ និង​សិល្បករ​ខ្មែរ​នា​ជំនាន់​នោះ មាន​ទំនាក់ទំនង​ត្រង់ៗ ជាមួយ​ជនជាតិ​ក្លឹ​ង្ក​តែម្តង តាមរយៈ​វិស័យ​ពាណិជ្ជកម្ម និង សាសនា ។ 
​   
​រចនាបទ​ភ្នំ​ដា ក៏បាន​បន្សល់ទុក​នូវ​ស្នាដៃ​ដ៏​ឆ្នើម​នៃ​បុព្វបុរស​ខ្មែរ ដែលជា​ភស្តុតាង​ទាក់ទិន​នឹង​រឿង​រាមកេរ្តិ៍ ដែលមាន​ជាអាទិ៍ ដូចជា​ចម្លាក់​ស្វា​ហនុមាន ឬ សុគ្រីព ឬ ក៏​ព្រះ​ពល​រាម ព្រះ​បរ​សុ​រាម និង​ព្រះ​លក្ស្មណ៍ ដែរ​។​
​   
​រូបចម្លាក់​ខាងលើនេះ ត្រូវបាន​ឆ្លាក់​ឡើង​នៅ​សតវត្សរ៍​ទី​៥ និង ពាក់កណ្តាល​សតវត្សរ៍​ទី​៦​នៃ​គ្រិស្តសករាជ ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​រុ​ទ្ទ្រៈ​វ​រ័​ន្ម ជា​ព្រះមហាក្សត្រ​ចុងក្រោយ​នៃ​នគរ​ភ្នំ ដែលមាន​រាជ​អង្គរបុរី​ជា​ព្រះរាជ​ធានី ។​
​   
​គួរ​រំ​ឮ​ក​ដែរ​ថា រចនាបទ​កោះ​កេរ្តិ៍ (​រវាង​ឆ្នាំ​៩២១-៩៤៥​គ​.​ស​) ក៏បាន​បន្សល់ទុក​រូប​ចម្លាក់​តំណាង​ការប្រយុទ្ធ រវាង ពាលី និង សុគ្រីព ដែរ ។​
​   
​ប្រភព​ឯកសារ​ខាងលើនេះ បានបង្ហាញ​ឲ្យ​គេ​ដឹង​យ៉ាង​ប្រាកដថា ដូនតា​ខ្មែរ​យើង​បាន​ស្គាល់​នូវ​រឿង​រាមកេរ្តិ៍ តាំងពីដើម​សតវត្សរ៍​ទី​១ នៃ​គ្រិស្តសករាជ​ម្ល៉េះ ។ រឿង រាមកេរ្តិ៍ ក៏បាន​ហូរ​ចូលក្នុង​អតីត​ទឹកដី​ខ្មែរ​ក្នុងពេល​ជាមួយគ្នា នឹង លទ្ធិ​ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ដែរ ។ នេះ​បើតាម​ការស្រាវជ្រាវ និង​វិភាគ​លើ​ឯកសារ​វត្ថុ​សិល្បៈ​បុរាណ របស់លោក បណ្ឌិត​មី​សែ​ល ត្រា​ណេ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌​វិចិត្រសិល្បៈ ។​
​   
​ភាពល្បីល្បាញ​នៃ​រឿងនេះ បណ្តាលមកពី​តម្លៃ​សីលធម៌ និង​សច្ចធម៌​ដែល​តួអង្គ​នៃ​រឿងនេះ​តំណាង​ដូចជា ព្រះរាម ដែល​អវតា​របស់​ព្រះ​វិស្ណុ ឬ នរាយណ៍ តំណាង​នូវ​សច្ចធម៌ និង វីរភាព រីឯ​ព្រះ​នាង​សិ​តា វិញ​ជា​តំណាងឱ្យ​ភាព​បរិសុទ្ធ និង ស្វាមីភ័ក្តិ ។ ហនុមាន ដែលជា​សេនា​របស់​ព្រះរាម​តំណាង​វីរភាព និង ភក្តីភាព​របស់​មេទ័ព ចំពោះ​ព្រះមហាក្សត្រ គឺ​ព្រះរាម​ក្នុងការ​ផ្ចាញ់​មារ ។ ពោលគឺ​អំពី​ល្អ​រមែង​ឈ្នះ​អំពី​អាក្រក់ ដែលមាន​ពពួក​យក្ស​មារ​អសុរកាយ​ជា​និមិត្តរូប ។ នេះ​ជា​លទ្ធផល​នៃ ការស្រាវជ្រាវ​ថ្មីថ្មោង​បំផុត ៕ (​ម​.​ត្រា​ណេ​)

No comments: